ផ្ទះស្នាក់ក្នុង ដុនបូស្កូ ខេត្តព្រះសីហនុ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិស្សទាំងអស់ដែលបានចូលស្នាក់នៅក្នុងសាលា សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦–២០២៧។
ផ្ទះស្នាក់ក្នុងរបស់យើងមិនមែនគ្រាន់តែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាគ្រួសារមួយដែលលើកកម្ពស់គុណតម្លៃ ឧស្សាហ៍ សទ្ធា រីករាយ។ ដោយមានការយកចិត្តទុកដាក់ និងការគាំទ្រពីលោកពុក បងប្រុសសាលេស៊ាន បងស្រី អ្នកស្ម័គ្រចិត្ត បេក្ខជនសាលេស៊ាន និងលោកគ្រូ អ្នកគ្រូ។ យើងខិតខំបង្កើតបរិយាកាសមួយប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងការគាំទ្រដូចក្នុងគ្រួសារ ដើម្បីឱ្យសិស្សគ្រប់រូបអាចរីកចម្រើន សិក្សារៀនសូត្រ និងអភិវឌ្ឍទេពកោសល្យរបស់ខ្លួន។
តាមរយៈសកម្មភាពប្រចាំថ្ងៃ ដូចជា ការសិក្សា ការងារ ការលេងកីឡា ការចម្អិនម្ហូបអាហារ ការអធិស្ឋាន និងការចែករំលែកភារកិច្ច សិស្សមិនត្រឹមតែរៀនជំនាញបច្ចេកទេស និងជំនាញជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀនអំពីការធ្វើការជាក្រុម វិន័យ ការគោរពគ្នា និងការទទួលខុសត្រូវផងដែរ។
គោលដៅរបស់យើង គឺជួយសិស្សគ្រប់រូបឱ្យមានការអភិវឌ្ឍប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ទាំងផ្នែក រាងកាយ ស្មារតី បញ្ញា អារម្មណ៍ និងសង្គម ដើម្បីត្រៀមខ្លួនក្លាយជាយុវជនដែលមានទំនួលខុសត្រូវ មានជំនាញវិជ្ជាជីវៈ និងមានសុភមង្គល ព្រមទាំងអាចចូលរួមចំណែកជាវិជ្ជមានដល់គ្រួសារ និងសង្គមជាតិ។
រួមគ្នា យើងរៀន រីកចម្រើន ធ្វើការ អធិស្ឋាន និងរស់នៅជាគ្រួសារដុន បូស្កូតែមួយ!










